Nas Dailyរៀនចប់សាលាលេខ១លើលោក បែកគំនិតដើរថតវីដេអូជុំវិញពិភពលោកល្បីកក្រើកហ្វេសប៊ុក!

0
176

បុរសឈ្មោះ Nuseir Yassin ដែលគេស្គាល់នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា Nas Daily បានលាឈប់ពីការងារក្នុងឆ្នាំ ២០១៦ និងចាប់ផ្ដើមធ្វើដំណើរជុំវិញពិភពលោក។

ក្នុងរយៈពេលជាង ២ឆ្នាំបន្ទាប់ពីសកម្មភាពនេះបានចាប់ផ្ដើម វីដេអូប្រវែង ១នាទីប្រចាំថ្ងៃរបស់លោក មានអ្នកចូលទស្សនារាប់លានដង នៅក្នុងគេហទំព័រហ្វេសប៊ុករបស់លោក។លោកកើតនៅទីក្រុង Arraba តូចមួយដែលស្ថិតនៅភាគខាងជើងនៃប្រទេសអ៊ីស្រាអែល ជាប់នឹងប៉ាឡេស្ទីន ក្នុងគ្រួសារជីវភាពមធ្យមមួយ។ លោកជាកូនកណ្ដាលក្នុងចំណោមបងប្អូន ៤នាក់ ដែលមានម្តាយជាគ្រូបង្រៀន និងឪពុកជាអ្នកចិត្តវិទ្យា។

នៅក្នុងវីដេអូ លោកធ្លាប់សារភាពថា កាលក្នុងវ័យកុមារភាព លោកជាមនុស្សម្នាក់មានភាពអៀនខ្មាសច្រើន និងចូលចិត្តភាពស្ងៀមស្ងាត់ តែនៅពេលអាយុ ១៩ឆ្នាំ លោកចាប់ផ្ដើមសម្លឹងមើលពិភពលោកកាន់តែឆ្ងាយ ហួសពីប្រទេសកំណើតខ្លួន ហើយលោកបានជាប់អាហារូបករណ៍ទៅរៀននៅសកលវិទ្យាល័យ Harvard ដ៏ល្បីនៅសហរដ្ឋអាម៉េរិក។

លោកបានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ សម្រាប់ជំនាញ សេដ្ឋកិច្ច។ បន្ទាប់មក លោកបានធ្វើដំណើរទៅក្រុងញ៉ូយ៉ក ដើម្បីធ្វើការក្នុងក្រុមហ៊ុនបច្ចេកវិទ្យា Pay-Pal និងក្រុមហ៊ុន Venmo ក្នុងនាមជា Software Engineer ដោយទទួលបានប្រាក់ខែច្រើនជាង ១២០,០០០ដុល្លារក្នុងមួយឆ្នាំ។

បើនិយាយពីការសិក្សា អាជីព និងចំណូល លោកបានទទួលភាពជោគជ័យរួចហើយ។ ប៉ុន្ដែលោកធុញទ្រាន់នូវសកម្មភាពដដែលៗនៅកន្លែងការងារនោះ និងមានអារម្មណ៍ថាលោកបានចំណាយពេលវេលាឥតប្រយោជន៍ ដោយអង្គុយធ្វើការតែមួយកន្លែងដូច្នោះ។ នេះជាដំណាក់កាលដែលធ្វើឱ្យលោកបែកគំនិតចង់ធ្វើដំណើរជុំវិញពិភពលោក។

លោកបានសន្សំលុយអស់រយៈពេល ១ឆ្នាំកន្លះ បានចំនួន ៦០,០០០ដុល្លារ ហើយឆ្នាំ ២០១៦ លោកបានលាឈប់ពីការងារ ទិញកាម៉េរ៉ា និងសំបុត្រយន្តហោះ និងបានតាំងចិត្តថានឹងធ្វើដំណើរជុំវិញពិភពលោក។

លោកបានដាក់ឈ្មោះខ្លួនឯងថា Nas ដែលមានន័យក្នុងភាសាអារ៉ាបថា “មនុស្ស” និងបានបង្កើតហ្វេសប៊ុកផេកមួយឈ្មោះ Nas Daily។ លោកបានចាប់ផ្តើមថតវីដេអូអំពីសកម្មភាពប្រចាំថ្ងៃរបស់លោកក្នុងប្រវែង ១នាទីសម្រាប់បង្ហោះនៅលើហ្វេសប៊ុកផេកនោះ។ លោកមានពេល ១០០០ថ្ងៃដើម្បីផលិតវីដេអូឱ្យបាន ១០០០ ហើយគិតមកទាល់ពេលនេះ លោកបានខិតកៀកចំនួនថ្ងៃដែលបានកំណត់ហើយ។

ទិសដៅពនេចររបស់លោកដំបូងបំផុតគឺប្រទេសកេនយ៉ា ដែលធ្វើឱ្យលោកទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត។ មានក្រុមហ៊ុនផ្សព្វផ្សាយរបស់រុស្សីមួយនៅក្នុងទីក្រុង Nairobi ប្រទេសកេនយ៉ាននោះ បានចាប់អារម្មណ៍ចំពោះវីដេអូរបស់លោក ហើយបានជួលឱ្យលោកជួយបង្កើតមាតិកានៅក្នុងហ្វេសប៊ុកផេករបស់គេ ក្នុងតម្លៃ ៣០០០ដុល្លារក្នុងមួយខែ។ នេះជាមូលហេតុមួយជំរុញឱ្យលោកអាចធ្វើដំណើរបន្តដោយមិនបារម្ភ និងអាចបង្កើនចំនួនអ្នកគាំទ្របានកាន់តែច្រើន។

គោលដៅធ្វើដំណើរចម្បងរបស់លោកគឺតំបន់ដែលអ្នកទេសចរមិនសូវស្គាល់ ឬចាប់អារម្មណ៍ ឬកន្លែងដែលពួកអ្នកថតវីដេអូបង្ហោះ YouTube ជាច្រើនមិនធ្លាប់ទៅ ដូចជា ប្រទេសហ្កាវ៉ាន់ដា តង់ហ្សានី ម៉ែលតា ជាដើម ក្នុងគោលបំណងពង្រីកការយល់ដឹងរបស់អ្នកទស្សនាអំពីទិដ្ឋភាពពិភពលោកទាំងមូល។

នៅក្នុងវីដេអូនីមួយៗ លោកតែងពាក់អាវយឺតពណ៌ប្រផេះដែលមានចំនួនតួរលេខ តំណាងឱ្យភាគរយនៃអាយុជីវិតសេសសល់។ លោកអាចរកចំណូលបានពីការធ្វើជាអ្នកប្រឹក្សាយោបល់អំពីការផ្សាព្វផ្សាយពាណិជ្ជកម្មសម្រាប់អាជីវកម្ម ហើយមួយចំនួនទៀតលោកទទួលបានពីការផ្សាព្វផ្សាយពាណិជ្ជកម្មរបស់ហ្វេសប៊ុក លើវីដេអូរបស់លោក។លោកបាននិយាយថា លោកធ្វើនេះមិនមែនដើម្បីលុយទេ ប៉ុន្ដែលោកមានសំណាងដែលអាចធ្វើអ្វីដែលលោកចូលចិត្ត និងអាចរកចំណូលបានពីវាក្នុងពេលជាមួយគ្នា។

ពេលនេះ នៅសល់៥៩ថ្ងៃទៀតគឺនឹងដល់ពេលត្រូវបញ្ចប់បេសកកម្ម១០០០ថ្ងៃរបស់លោកហើយ ចំណែកចំនួនអ្នក Follow នៅលើហ្វេសប៊ុកផេក Nas Daily មានចំនួនរហូតដល់ទៅ ១០លាននាក់ឯណោះ៕

ប្រភព៖ (forward-asia)

NO COMMENTS

LEAVE A REPLY