វិធីដាក់ទោសកូន បែបទន់ភ្លន់នៅពេលកូនធ្វើខុស

1
317

ការប្រើពាក្យសម្តីជាមួយកូន គឺសំខាន់ណាស់ លោកអ្នកមិនត្រូវប្រើពាក្យសម្តីមិនល្អដូចជាការជេរស្តីបន្ទោស រឺវាយលើរាងកាយឡើយ។ ការជេរស្តីបន្ទោស រឺវាយលើរាងកាយគឺជាវិធីមួយដែលឪពុកម្តាយភាគច្រើនប្រើដើម្បីអប់រំកូន និងដាក់ទោសកូននៅពេលដែលកូនធ្វើអ្វីមួយដែលខុស។​ ក៏ប៉ុន្តែការជេរ ស្តីបន្ទោស រឺវាយលើរាងកាយនេះ គឺមិនអាចបានផលក្នុងរយះពេលវែងទេ ដូចនេះ ឪពុកម្តាយគ្រប់រូបគួរឈប់ប្រើវិធីបែបនេះទៀតទៅ​។

istock_000006846493small1-father-scolding-child

ខាងក្រោមនេះគឺជាគោលគំនិតខ្លះៗសម្រាប់ដាក់ទោសកូនរបស់លោកអ្នក ដោយវិធីត្រជាក់ ទន់ភ្លន់​និងមានប្រសិទ្ធភាព​ដែលលោកអ្នកជាឪពុកម្តាយគួរតែដឹង និងអនុវត្តន៍៖

1. ដាក់ទោសកូនដោយអោយកូនសម្អាតផ្ទះ

លោកអ្នកអាចអោយគេទទួលតួនាទីទទួលខុសត្រូវលើអ្វីមួយក្នុងផ្ទះ​ ដូចជាការបោសផ្ទះរយៈពេល៣ទៅ៥ថ្ងៃ រឺមួយសប្តាហ៍។ល។ ហើយវិធីនេះលោកអ្នកអាចបង្រៀនកូនរបស់អោយចេះសម្អាតផងដែរ។

2. ដាក់ទោសកូនដោយការកាត់បន្ថយលុយ

ការកាត់បន្ថយលុយមិនមែនមានន័យថាត្រូវកាត់ទាំងអស់នោះទេ​ គឺអ្នកត្រូវកាត់ត្រឺម១០% ទៅ ៥០%​​នៃប្រាក់ចំណាយជាប្រចាំរបស់កូន​ រយៈពេលប៉ុន្មានថ្ងៃ ហើយការកាត់នេះក៏អាស្រ៏យលើទង្វើដែលកូនធ្វើខុសផងដែរ។​ ក៏ប៉ុន្តែលោកអ្នកក៏គួរមានការលើកទឹកចិត្តដោយបន្ថែម រឺជាអំណោយបន្តិចបន្តួចដល់កូនវិញនៅពេលណាដែលកូនលោកអ្នក​ ប្រព្រឹត្តខ្លួនបានល្អ។

3. ដាក់ទោសកូនដោយការកាត់បន្ថយពេលវេលាលេងរបស់គេ

ក្មេងតែងជាប់ចិត្តជាមួយការលេង ជាងការសិក្សារឺធ្វើអ្វីផ្សេង លោកអ្នកត្រូវកាត់បន្ថយពេលវេលាលេងរបស់គេ គឺត្រូវបន្ថយគ្រប់សកម្មភាពទាំងអស់ដែលកូនរបស់អ្នកចូលចិត្ត។​ឧទាហរណ៍ ពេលវេលាលេងរបស់កូន១ម៉ោងក្នុង១ថ្ងៃ លោកអ្នកគួរបន្ថយអោយនៅសល់ត្រឹមតែកន្លះម៉ោងវិញ​កាត់បន្ថយរយៈពេល៣ថ្ងៃទៅ៥ថ្ងៃ រឺមួយសប្តាហ៍។

ការដាក់ទោសខាងលើនេះ​ មិនមែនជាទារុណកម្មលើកូននោះឡើយ តែវិធីនេះអាចបង្រៀនកូនលោកអ្នកអោយចេះច្រើន និងបង្រៀនអោយកូនអ្នកចេះអត់ធ្មត់ផងដែរ។ លោកអ្នកត្រូវបង្រៀនកូនអោយចេះទទួលខុសត្រូវលើអ្វីដែលគេបានធ្វើ ហើយត្រូវទទួលយកការដាក់ទោសពីឪពុកម្តាយ។​ ចំនែកឪពុកម្តាយមុនពេលដាក់ទោសដល់កូន អ្នកក៏ត្រូវមើលទៅតាមទង្វើដែលកូនប្រព្រឹត្តផងដែរ​ហើយការដាក់ទោសក៏ត្រូវមើលថាតើការដាក់ទោសនេះសាកសមនិងវ័យរបស់កូនដែរ​ រឺទេ?

ឪពុកម្តាយគ្រប់រូបដាក់ទោសកូនហើយ សូមកុំភ្លេចលើកទឹកចិត្ត និងសសើរកូនផង ដើម្បីអោយកូនមានកម្លាំងចិត្តធ្វើអំពើល្អ និងកាត់បន្ថយកំហុសដែលធ្លាប់ធ្វើកន្លងមក។ សូមជៀសវាងការប្រើសម្តីមិនសមរម្យ និងការប្រើអំពើហឹង្សាលើកូន ព្រោះនេះមិនមែនជាវិធីល្អឡើយ។