៨ចំណុចត្រូវដឹង សម្រាប់នារីបើចង់ដើរលេងក្រៅប្រទេសម្នាក់ឯងជាលើកដំបូងដោយសុវត្ថិភាព

0
255

ការ​បាន​ទៅ​ដើរ​លេង​ស្គាល់​ស្រុក​គេ គឺ​ជា​បំណង​ប្រាថ្នា​មួយ​សម្រាប់​មនុស្សគ្រប់រូបជាពិសេសនារីៗ​ជា​ច្រើន​នៅ​ពេល​បច្ចុប្បន្ន​ ហើយ​អ្នក​ខ្លះ​ក៏​មាន​បំណង​ចង់​ទៅ​តែ​ម្នាក់​​ឯង​​ព្រោះ​វា​ងាយ​ស្រួល​មិន​ចាំ​បាច់​រង់​ចាំ​អ្នក​ណា ហើយ​មាន​​ឯករាជ្យ​​ពេញលេញ។ សម្រាប់​អ្នក​មាន​បំណង​ដើរ​លេង​ម្នាក់​ឯង ហើយ​មិន​ទាន់​មាន​បទពិសោធន៍​ទេ គួរ​តែ​ស្វែង​យល់​ពី​វិធី​ការពារ​ខ្លួន​ខ្លះ​ៗ​។
១. រក​ទី​កន្លែង​ស្នាក់​នៅ​ដែល​សុវត្ថិភាព និង​សក្ដិសម​ជាមួយ​យើង

Related image

បច្ចុប្បន្ន​មាន​វេបសាយ​សម្រាប់​កក់​កន្លែង​ស្នាក់​នៅ​ជា​ច្រើន ដែល​​បង្ករ​ភាព​ងាយ​ស្រួល​ច្រើន​សម្រាប់​យើង រួម​ទាំង​ធ្វើឲ្យ​ដំណើរ​កម្សាន្ត​របស់យើង​កាន់​តែ​សុវត្ថិភាព​ផង ដោយ​សារ​ស្រី​ៗ​យើង​មិន​ចាំ​បាច់​ត្រូវ​ដើរ​រក​សណ្ឋាគារ​ដោយ​ខ្លួន​ឯង ថែម​ទាំង​អាច​ប្រៀបធៀប​តម្លៃ ទីតាំង ស្ថានភាព និង​គុណភាព​សេវាកម្ម​​របស់​កន្លែង​ស្នាក់​នៅ​​តាម​រយៈ​ការ​ឲ្យ​ពិន្ទុ​ពី​ភ្ញៀវ​ផង​ដែរ ក៏​ប៉ុន្តែ​ត្រូវ​ជ្រើសរើស​តាម​រយៈ​វេបសាយ​ដែល​ល្បី និង​ជឿទុក​ចិត្ត​បាន​ប៉ុណ្ណោះ។

២. កុំ​យក​របស់​មាន​តម្លៃ​​ដែល​មិន​ចាំ​បាច់​ពេល​ដើរ

ក្រៅ​ពី​លុយ​សុទ្ធ កាត​ក្រេឌីត នាឡិកា​ដៃ និង​ទូរសព្ទ​ដៃ​ហើយ របស់​ដែល​មាន​តម្លៃ​ផ្សេង​ទៀត​ដូច​ជា​ខ្សែ​ក ខ្សែ​ដៃ ខ្សែ​ជើង ចិញ្ចៀន -ល- គឺ​ជា​អ្វី​ដែល​ស្រី​ៗមិន​គួរ​យក​ជាប់​ខ្លួន​​ឡើយ​នៅ​ពេល​ដើរ​ឆ្ងាយ​ម្នាក់​ឯង ព្រោះ​ក្រៅ​ពី​ធ្វើ​ឲ្យ​យើង​ត្រូវ​បារម្ភ​ថែ​រក្សា​វា​គ្រប់​ពេល​ហើយ គ្រឿង​ទាំង​នោះ​នឹង​​ធ្វើ​ឲ្យ​យើង​កាន់​តែ​ក្លាយ​ជា​​គោលដៅ​របស់​ជន​ទុច្ចរិត​ ទោះ​បី​ពេល​ខ្លះ​យើង​ពាក់​របស់​កាឡៃ​ក៏​ដោយ។

៣. កុំ​បង្ហាញ​អាការៈ​ស្លន់ស្លោ​ ពេល​​វង្វេង​ផ្លូវ

នៅ​ពេល​វង្វេង​ផ្លូវ ឬ​ស្ថិត​នៅ​លើ​ផ្លូវ​ឬ​កន្លែង​ដែល​យើង​មិន​ស្គាល់ ឬ​ក៏​ជា​កន្លែង​ដែល​ខុស​ពី​គោលដៅ​របស់​យើង សូម​កុំ​បង្ហាញ​អាការៈ​ភាំង​ៗ ឬ​ទឹក​មុខ​ស្លន់ស្លោ​អី​ឲ្យ​សោះ ព្រោះ​អាច​ធ្វើ​ឲ្យ​ជន​ទុច្ចរិត​ឆាប់​ចាប់​អារម្មណ៍​ចូល​មក​រក​យើង​ដោយ​គោលបំណង​ផ្សេង​ៗ។ រឿង​សំខាន់​ដែល​ស្រី​ៗ​ត្រូវ​ធ្វើ​នោះ​គឺ​ត្រូវ​តាំង​សតិ ស្វែង​រក​​កន្លែង​មាន​សេវាកម្ម​សម្រាប់​​អ្នក​ទេសចរ​ដើម្បី​​សួរនាំ​ផ្លូវ។ ក្រៅ​ពី​នេះ​មុន​​ចេញ​ដំណើរ​ក៏​គួរ​​ស្រាវជ្រាវ​ព័ត៌មាន​អំពី​ការ​ធ្វើ​ដំណើរ​ឲ្យ​បាន​ល្អិតល្អន់ រួម​ទាំង​ស្វែង​រក​​ផែនទី​ទុក​ក្នុង​ទូរសព្ទ​ដៃ​ឲ្យ​ហើយ ឬ​ក៏​ផែនទី​ជា​ផ្ទាំង​​ក្រដាស​ក៏​បាន។

Image result for asian girl pinterest ulzzang travel

៤. យក​ឧបករណ៍​ទុក​ការពារ​ខ្លួន​ជានិច្ច

មិន​ថា​ជា​ស្រ្ប៉ាយ​បាញ់​ (មិន​អាច​នាំ​​ឡើង​លើ​យន្តហោះ​បាន​ទេ​តែ​អ្នក​អាច​រក​ទិញ​ពេល​ទៅ​ដល់​គោលដៅ) ឬ​ក៏​កញ្ចែ​សម្រាប់​ផ្លុំ​សុំ​ជំនួយ​គឺ​សុទ្ធ​តែ​ជា​របស់​ដែល​ស្ត្រី​គួរ​យក​ជាប់​ខ្លួន​ទុក​ប្រើ​ការពារ​ខ្លួន​ឯង​ពី​ឧក្រិដ្ឋជន​ និង​ស្ថានភាព​អាក្រក់​ៗ​ទាំង​ឡាយ​ដែល​អាច​កើត​មាន​ឡើង។

៥. កុំ​ឧស្សាហ៍​គេង​លក់​និង​ងោក​ងក់​

មិន​ថា​ជា​​ការ​គេង​លក់​រហូត​មិន​ដឹង​ថា​មាន​អ្វី​កើត​ឡើង​ក្នុង​សណ្ឋាគារ ការ​គេង​លើ​រថភ្លើង ឡាន​តាក់ស៊ី ឬ​ការ​បង្ហាញ​អាកប្បកិរិយា​ងោក​ងក់​ អស់​កម្លាំង​នៅ​តាម​ភោជនីយដ្ឋាន និង​ទី​កន្លែង​ទេសចរណ៍​ផ្សេង​ៗ គឺ​សុទ្ធ​តែ​មាន​ការ​ប្រឈម​ខ្ពស់​នឹង​គ្រោះថ្នាក់​ផ្សេង​ៗ​ពី​ជន​ឆ្លៀត​ឱកាស ហើយ​បើ​ចៃដន្យ​មាន​ហេតុការណ៍​មិន​ល្អ​កើត​ឡើង​យើង​អាច​រត់​មិន​រួច​ខ្លួន​ទាន់​គេ​ក៏​ថា​បាន។

៦. កុំ​តែង​ខ្លួន​សិចស៊ី​ពេក

យើង​ទៅ​ដើរ​លេង​ដើម្បី​​ឲ្យ​សប្បាយ​ចិត្ត បាន​ស្គាល់​ស្រុក​គេ ​មើល​គេ​មើល​ឯង មិន​មែន​ដើម្បី​បង្អួត​​សម្រស់​អី​នោះ​ទេ ដូច្នេះ​ស្រីៗ​គួរ​កុំ​ស្លៀក​លេច​លើ​លេច​ក្រោម បញ្ចេញ​សាច់ ឬ​បញ្ចេញ​កាយវិការ​ទាក់ទាញ​អារម្មណ៍​បុរស​ៗ​ ព្រោះ​វា​ងាយ​ធ្វើ​ឲ្យ​ពួក​ល្មោភកាម​ចូលមក​រក​យើង។ ជម្រើស​ល្អ​គួរ​ស្លៀក​ជិត​ៗ និង​ធ្វើ​ខ្លួន​ធម្មតា​ៗ​ទៅ​បាន​ហើយ។

៧. កុំ​ស្រវឹង​ឲ្យ​សោះ

អ្វី​ក៏​អាច​កើត​ឡើង​បាន​ដែរ​នៅ​ពេល​យើង​បាត់​បង់​ស្មារតី។ ដូច្នេះ​ទោះ​បី​គិត​ថា​ខ្លួន​ឯង​រឹង​មាំ​ប៉ុណ្ណា ឬ​អ្នក​បបួល​នោះ​គួរ​ឲ្យ​ទុក​ចិត្ត​ប៉ុណ្ណា​ក៏​ដោយ ក៏​ពុំ​គួរ​ទៅ​ពាក់ព័ន្ធ​ជាមួយ​គ្រឿង​ស្រវឹង​ដែរ ព្រោះ​វា​ដូច​ជា​យើង​បន្ថែម​ហានិភ័យ​ឲ្យ​ជីវិត​ និង​ទ្រព្យ​សម្បត្តិ​ខ្លួន​ឯង​ទ្វេ​មួយ​ជា​ពីរ។

Image result for asian girl pinterest ulzzang travel

៨. កុំ​ធ្វើ​ខ្លួន​ឆ្លាត​ហួសហេតុ

នៅ​ពេល​វង្វេង​ផ្លូវ​ ត្រូវ​ស្វែង​រក​​ទី​កន្លែង​ផ្ដល់​សេវា​សម្រាប់​អ្នក​ទេសចរ ឬ​​សួរ​នាំ​មីង​ៗ អ៊ំ​ស្រី​ម្ចាស់​ទឹក​ដី​ដែល​មើល​ទៅ​គួរ​ឲ្យ​ទុក​ចិត្ត (បើ​សិន​ជា​អាច​និយាយ​ភាសា​របស់​គេ​បាន)។ ចូរ​កុំ​យក​ភាព​ឆ្លាត​និង​ពូកែ​មក​ប្រើ​ពេល​នេះ ព្រោះ​វា​អាច​នាំ​យើង​ទៅ​រក​គ្រោះថ្នាក់​បាន​ដូច​គ្នា។ បើ​អាច​អ្នក​គួរ​និយាយ​រាក់ទាក់​ជាមួយ​​​គេ​ឯង​ខ្លះ​នៅ​ទី​នោះ​​ ដូច្នេះ​ពេល​មាន​បញ្ហា​អ្វី​គេ​នឹង​ងាយ​ស្រួល​ជួយ​យើង។ តែ​យ៉ាង​ណា​មិន​ត្រូវ​ប្រាប់​គេ​ដាច់​ខាត​ថា​យើង​មក​ដើរ​លេង​ម្នាក់​ឯង ហើយ​កុំ​ប្រាប់​អាសយដ្ឋាន​ស្នាក់​នៅ​របស់​យើង​ទៅ​កាន់​ជន​មិន​ស្គាល់​មុខ ឬ​មនុស្ស​ដែល​យើង​ទើប​តែ​ស្គាល់​ពេល​ទៅ​ដើរ​លេង​ឲ្យ​សោះ ៕

NO COMMENTS

LEAVE A REPLY