ចំណុចគួរយល់ដឹងដែលទាក់ទងនឹងផ្ទះបាយ

0
366

ផ្ទះបាយដែលល្អ គួរតែជាផ្ទះបាយ ដែលអាចអោយអ្នកធ្វើការដាំស្លបានយ៉ាងងាយស្រួល ដោយចាប់ផ្តើមពីតុ រឺធ្នើធ្វើម្ហូបមានការរចនាម៉ូដល្អ ដែលភាគច្រើនគេនិយមធ្វើជារាងអក្សរ U ។ ប៉ុន្តែអ្នកគួរដាក់តុធ្វើម្ហូបនោះ នៅចំកណ្តាលបន្ទប់ ព្រោះវាអាចជួយអោយអ្នកមានកន្លែងដាំស្ល​ និងទុកដាក់អីវ៉ាន់បានច្រើន រឺក៏អ្នកអាច បន្ថែមតុឈើធំ មានថត ដាក់ចំកណ្តាលបន្ទប់ ក៏ជាការល្អប្រសើរដែរ។

1

ការចេញម៉ូដទូរដាក់អីវ៉ាន់ផ្ទះបាយនោះ គួរមានលក្ខណៈស័ក្តិសមទៅនឹងសម្ភារៈដែលប្រើប្រាស់ក្នុងផ្ទះបាយ ហើយត្រូវដាក់ទូនោះនៅជិតបរិវេណដែលត្រូវការប្រើ ជាពិសេសគួរធ្វើថតទូរប្រភេទរុញចេញចូលបាន នៅពីក្រោមតុធ្វើម្ហូប។ ដើម្បីទុកដាក់របស់ធ្ងន់ ចំណែកឯគ្រឿងកំប៉ុង រឺរបស់ក្រៀមវិញ គួរទុកដាក់នៅជិតទ្វារទូរ។

ចំណែកអាងលាងចាន តុធ្វើម្ហូប និងជ្រុញ គួរជ្រើសរើសឈើដែលមានសាច់ម៉ដ្ឋរាបស្មើល្អ មិនងាយស្រូបយកកាកសំណល់អាហារ រឺមេរោគ ហើយត្រូវមានក្រណាត់ជូតសម្អាតនៅជិតដៃ ដើម្បីប្រើសម្រាប់ជូតសម្អាតតុធ្វើម្ហូប។ ប្រសិនបើជ្រើសប្រើតុធ្វើម្ហូប រឺជ្រុញធ្វើពីឈើត្រូវជូត រឺលាងសម្អាតនៅរាល់ក្រោយពេលប្រើប្រាស់រួច។

ចំពោះការស្រោបឥដ្ឋការ៉ូ សេរ៉ាមិក ពីលើតុម្ហូប ក៏បង្កភាពងាយស្រួលដល់ការសម្អាតផងដែរ ពិសេសវាមានភាពរឹងមាំ មិនបង្កអោយមានស្នាមក្រហេងក្រហូងដូចតុឈើទេ ប៉ុន្តែអ្នកក៏គួរយកចិត្តទុកដាក់ចំពោះស្នាមប្រហោង ចន្លោះកំណឥដ្ឋការ៉ូនោះផងដែរ ព្រោះវាអាចក្លាយជាកន្លែងប្រមូលផ្តុំមេរោគបាន។ ហេតុនេះអ្នកគួរបិទវាអោយបានជិតល្អ កុំអោយមានរន្ធប្រហោងធំពេក។

ចំពោះការជ្រើសរើសទិញឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយវិញ គួរចៀសវាងទិញឧបករណ៍ប្រភេទប្លាស្ទិកបិទភ្ជាប់គ្នា លាយជាមួយសារធាតុអាគ្រីលីក រឺអាប៉ូលីអេស្ទែរ ព្រោះវាផ្សំពីសារធាតុដែលមានជាតិពុល។ ក្រៅពីនេះ គួរចៀសវាងប្រើប្រាស់គ្រឿងសង្ហារិមផ្ទះបាយ ដែលផលិតពីឈើបន្ទះ ព្រោះគេត្រូវប្រើកាវវិទ្យាសាស្ត្រ រឺសារធាតុគីមី ដើម្បីបិទភ្ជាប់ឈើ។ ផ្ទុយទៅវិញ អ្នកគួរជ្រើសរើសប្រើតុធ្វើម្ហូបដែលផលិតពីឈើពិតៗ និងបន្ថែមសោភណ្ឌភាពដោយការលាបពណ៍ឈើ រឺប្រើរបស់ធម្មជាតិ ដូចជាក្រានីត និងឧបករណ៍ដែលគ្មានច្រេះចាប់ ដើម្បីសុវត្ថិភាពរបស់អ្នក និងក្រុមគ្រួសារ។

អត្ថបទ ៖ Karma

 

NO COMMENTS

LEAVE A REPLY