កំប្លោក គឺជាឈ្មោះស្មៅទឹកមួយប្រភេទពួកត្រកៀតដុះអណ្ដែតលើទឹក។ កំប្លោកនេះមានប្រយោជន៍ច្រើនយ៉ាងគឺ ផ្កាវាគេប្រើជាអន្លក់បាន ដើម និងស្លឹកស្រស់ប្រើជាចំណីអាហារសម្រាប់គោក្របី ដើមដែលហាលថ្ងៃឲ្យស្ងួតអាចប្រើការបានច្រើនយ៉ាងវេញធ្វើជា ខ្សែចំណង ខ្សែចែវ ខ្សែអង្រឹង ធ្វើសំពៀត។ល

Image result for កាបូបធ្វើពីកំប្លោក


កំប្លោក​ដែល​គេ​ស្ទើរ​តែ​បោះបង់​ ឬមិន​ចាប់​អារម្មណ៍​សោះនោះ ត្រូវ​បាន​អ្នកស្រី សូរ សម្បត្តិ ប្រធាន​សមាគម​សិប្បកម្ម​កំប្លោក​ភ្នំ​ក្រោម ស្ថិត​នៅ​ក្នុង​ខេត្ត​សៀមរាប ធ្វើ​ឲ្យ​មាន​តម្លៃ តាម​រយៈ​ការ​ច្នៃ​ទៅ​ជា​វត្ថុ​អនុស្សាវរីយ៍​ ជាពិសេស​កាបូប​ប្រើប្រាស់​ផ្សេង​ៗ រហូត​មាន​ទីផ្សារ​ដល់​បរទេស​ ដូចជា អេស្ប៉ាញ ឥណ្ឌូណេស៊ី ជប៉ុន និង កូរ៉េ ជាដើម។

អ្នកស្រី សូរ សម្បត្តិ បាន​រៀបរាប់​ពី​ប្រវត្តិ​នៃ​ការ​ចាប់ផ្ដើម​កែច្នៃ​កំប្លោក​ធ្វើ​ជា​កាបូប​ថា៖ «ដំបូង​ប្ដី​ខ្ញុំ​អត់​គាំទ្រ​ទេ និង​អត់​ទៅកាត់​កំប្លោក​ឲ្យ​ដែរ។ ពេល​ខ្ញុំ​ធ្វើ​ដំបូង​ប្រភេទ​អង្រឹង ធ្វើ​អត់​ស្អាត​ គាត់​យក​អង្រឹង​ខ្ញុំ​ទៅ​បោះចោល​នៅ​កន្លៀត​ជញ្ជាំង ខ្ញុំ​ឃើញ​រើស​យក​មកវិញ​ ក៏​យក​ទៅ​លាង​ទឹក​ទុក​មួយ​កន្លែង​ ស្រាប់​តែ​ភ្ញៀវ​ឃើញ​គេ​ទិញ​យក​អស់​រលីង ឥលូវ​ប្ដី​ខ្ញុំ​ជឿជាក់​លើ​ខ្ញុំ»។

អ្នក​ស្រីបាន​ព្រលយ​នូវ​ប្រយោគ​មួយ​ឃ្លា​ក្នុង​ន័យ​កំប្លែង​លេង​ថា៖ «មាន​តែ​កំប្លោក​ខ្ញុំ​ទេ ដឹក​តាម​យន្ត​ហោះ ជិះកប៉ាល់​ទឹក តែ​ខ្ញុំ​ជា​ម្ចាស់​អត់​ទាន់​បាន​ជិះ​ទេ មិន​ដឹង​ពេល​ណា​មាន​លុយ​ទៅ​លេង​ដូច​កំប្លោក​ខ្ញុំ​ទេ»។

Image result for កាបូបធ្វើពីកំប្លោកដោយដៃផ្ទាល់ស្អាតៗ

អ្នកស្រី​សម្បត្តិ ចាប់​តាំង​ពី​ឆ្នាំ ១៩៧៩ ដល់ ឆ្នាំ ២០០០ គឺជា​ទាហាន​កង​ការពារ​ឃ្លាំង​នៅ​ភ្នំ​ក្រោម ដែល​ឆ្លង​កាត់​ការ​ហ្វឹកហាត់ និង ស៊ី​អត់​ស៊ី​ឃ្លាន​ នៅ​អំឡុង​ពេល​តស៊ូ។ ចាប់​ពី​ឆ្នាំ ២០០០ ដល់​ឆ្នាំ ២០១០ អ្នក​ស្រី​ ជា​ទាហាន​ផង និង​ឆ្លៀត​ធ្វើ​ស្រែចម្ការ​ផង ប្រើប្រាស់​កម្លាំង​សុទ្ធសាធ​ដើម្បី​រក​ប្រាក់​ចិញ្ចឹម​កូន​ទាំង ៥នាក់ ស្រី ៤ ប្រុស ១។

នៅ​អំឡុង​ឆ្នាំ​ ២០១០ អ្នក​ស្រី បាន​រៀន​សូត្រ ពី​គ្រូ​ជនជាតិ​ជប៉ុន ច្នៃ​កំប្លោក​ធ្វើ​ជា​កាបូប និង​វត្ថុ​អនុស្សាវរីយ៍​ផ្សេង ដោយ​អ្នក​ស្រី​ជា​មនុស្ស​មាន​ការ​ប្រឹងប្រែង និង​យក​ចិត្ត​ទុក​ផង បាន​ក្លាយ​ទៅ​ជា​អ្នក​ច្នៃ​កាបូប​ធ្វើ​ពី​កំប្លោក​បាន​ស្អាត​ជាង​គេ រហូត​ក្លាយ​ជា​សិប្បកម្ម​កំប្លោក​ល្បីល្បាញ​ជាង​គេ​នៅ​ភ្នំ​ក្រោម។

រឿង​ដែល​អ្នក​ស្រី​សម្បត្តិ​ស្ទើរ​តែ​មិន​ជឿ​នោះ​គឺ «មុខរបរ​កំប្លោក​ស្ទើរ​តែ​គេ​គ្រវាត់​ចោល​ ឥលូវ​ខ្ញុំ​ធ្វើ​ឲ្យ​កំប្លោក​អាច​ជិះ​យន្ត​ហោះ​បាន»៕


LEAVE A REPLY

Please enter your comment!
Please enter your name here