ដូចម្តេចដែលហៅថា ការកំប្លែង? តើការកំប្លែងមានប្រភពមកពីណា? តើការកំប្លែងមានប៉ុន្មានប្រភេទ? អ្វីខ្លះ?

Image result for នាយកុយ នាយក្រឹម

និយមន័យ នៃកំប្លែង

  • តាមវចនានុក្រមសម្តេចព្រះសង្ឃរាជជួនណាតបានពន្យល់ថា៖
    ការកំប្លែង ឬកំប្លែង ឬហសនាដកម្ម មាន​ថ្នាក់ពាក្យជា នាម មានន័យថា ការលេងដោយបទបែបផ្សេងៗ ឲ្យ​អ្នក​ឯ​ទៀត​រួសរាយសប្បាយសើច ការចេះ​ចាក់ត្លុក ឬ ក្រមាច់ក្រមើមឲ្យគេសើច។ មនុស្សដែលចេះកំប្លែង អ្នក​ស្រុក​គេ​ច្រើន​ហៅ​ថា៖ អ្នកកំប្លែង មនុស្ស​កំប្លែង ឬត្លុកកំប្លែង ឬមនុស្សក្រមាច់ក្រមើម។ ក្រមាច់ ថ្នាក់ពាក្យជា​គុណនាម មាន​ន័យថា ដែល​ចេះកំប្លែង​ដោយវាចា ឬដោយអវយវៈ មានញាក់មុខញាក់មាត់ គួរឲ្យសើច។
  • តាមឯកសារបរទេសលោកបានពន្យល់ថា៖
    ការកំប្លែង គឺជារឿងល្ខោន សៀវភៅ ភាពយន្ត ឬកម្មវិធី​ទូរទស្សន៍​ទាំងឡាយណាដែលបាន បង្ហាញនូវ​អត្ថន័យ​ចំអក ការកំសាន្តទាំងឡាយណា ដែលជារឿងៗ ធ្វើឲ្យ​អ្នកទស្សនា អ្នកស្តាប់ ឬ អ្នកអានផ្ទុះចេញនូវសំណើច។ សកម្មភាព​កំប្លែងពោរពេញ ទៅដោយ ស្ថានភាព​ភ្ញាក់ផ្អើល ឬ ភាពឡឺកឺ ដែលយើងមិនធ្លាប់ស្មានទុកពីមុន ហើយស្ទើរតែ​មួយ​រយ​ភាគរយ គឺវាតែងតែផ្តល់​នូវ​ភាពសប្បាយរីករាយ នៅចុងបញ្ចប់នៃសាច់រឿង។ ការកំប្លែង​អាច​ត្រូវបានគេ​ពណ៌នា​ថា ជាព្រឹត្តិការណ៍ ឬការ​គាប់ជួនដែលនាំឲ្យ មានភាពសប្បាយរីករាយ។ ផ្ទុយនឹង​ការ​កំប្លែង គឺសោកនាដកម្ម ដែល​នៅក្នុង​សាច់រឿង ពោរពេញទៅដោយ ភាពសោកសង្រេង និងនៅទីបញ្ចប់តួឯក ច្រើនតែបែកបាក់គ្នាទាំងវេទនា
Image result for កំប្លែង

ប្រភពកំប្លែង

អត្ថន័យកំប្លែងច្រើនបានមកពីការសង្កេតសកម្មភាពដែលគួរឲ្យអស់សំណើចនានារបស់មនុស្ស សត្វ និងធម្មជាតិ ហើយបន្ទាប់មកគឺ ធ្វើត្រាប់តាម ដើម្បីឲ្យអ្នកដទៃ បានមើល ឬ ស្តាប់។

ប្រភពកំណើតនៃការកំប្លែង គឺកើតឡើងដំបូងគេនៅប្រទេសក្រិច។ ការកំប្លែងត្រូវបានគេបញ្ចូល​ទៅក្នុង​សាច់រឿង​ល្ខោន និង ការនិយាយ ឬ ធ្វើកាយវិកាផ្សេងៗ ទៀតអមដោយ ភ្លេងកន្រ្តាក់អារម្មណ៍ផង។ ការកំប្លែងខ្លះត្រូវ​បាន​គេ​បញ្ចូល​ទៅ​ក្នុងរូបគំនូរ (ជីវចល រូបត្លុក រូបភាពក្នុងសៀវភៅ) និងពាក្យពេចន៍សាច់រឿង ក្នុងសៀវជាដើម។

សម្រាប់ជនជាតិខ្មែរវិញ កំប្លែង គឺមានតាំងតែ បុរាណកាលមកម្លេះ។ ខ្មែរតែងតែមានការពេញនិយម ការកំប្លែង នៅ​គ្រប់​សម័យកាល របស់ខ្លួន។ ក្រៅតែពីការនិយាយលេង ឬការធ្វើកាយវិកាកំប្លែង ដោយផ្ទាល់ជាមួយ នឹងមិត្តភក្តិ​ពេល​ទំនេរ​ពីការងារ ឬក្នុងពេលបំពេញការងារ ដើម្បីជាការបន្លប់ការនឿយហត់របស់ខ្លួននៅក្នុងភូមិស្រុក។ ខ្មែរនៅ​មានការ​បញ្ចូលកំប្លែង ទៅក្នុងទម្រង់សិល្បៈរបស់ខ្លួន ជាច្រើនទម្រង់ស្ទើររាប់មិនអស់។ សិល្បៈដែលមានបង្កប់ អត្ថន័យកំប្លែង​រួមមាន៖ ខ្សែឌៀវ ចាប៉ី ចម្រៀងសម័យ ចម្រៀងបុរាណ ល្ខោនយីកេ ល្ខោនបាសាក់ ឆាកកំប្លែង អាយ៉ៃ ល្ខោនខោល ល្ខោននិយាយ រាំវង់ ឆៃយ៉ាំ ល្បែងប្រជាប្រិយ របាំប្រជាប្រិយ……ល។ មិនតែប៉ុណ្ណោះ ខ្មែរក៏​នៅ​មាន​បង្កប់អត្ថន័យកំប្លែង នៅក្នុងទម្រង់អក្សរសិល្ប៍ជាច្រើនទៀត ដូចជា៖ កំណាព្យ ប្រស្នា ពាក្យបណ្តៅ គំនូរ រឿងព្រេង រឿងប្រលោមលោក​។

Image result for mr bean


ប្រភេទកំប្លែងមាន ៤ សំខាន់ៗ គឺ៖

ក. ការកំប្លែងតាមរយៈការបញ្ចេញគំនិត

  • អត្តចរិតដែលបង្ហាញពីទំនាស់នៃគំនិត។
  • អត្តចរិតដែលប្រើប្រាជ្ញាឬភាសាប្រកបដោយភាពឈ្លាសវៃដើម្បីត្រាប់តាមឬចំអកឡកឡឺយ។
  • អត្តចរិតដែលដែលប្រើនិពន្ធន៍ដៀលត្នះដើម្បីសើចចំអកអ្នកជាទីស្រលាញ់មាន៖ គ្រួសារ មិត្តភក្តិ សាសនា នយោបាយ ប្តីប្រពន្ធជាដើម។

ខ. ការកំប្លែងតាមរយៈឫកពា

  • ការប្រើប្រាស់ប្រកបដោយជំនាញ និងប្រាជ្ញាឈ្លាសតាមរយៈវាចារ ដោយផ្ទាល់ខាងភាសា ដើម្បីសម្រាញ់យក​នូវ​ការកំប្លែងស្ងួត ពីស្ថានការណ៍សាមញ្ញណាមួយ។
  • ឧបាយកលសម្ងាត់ដែលស្តែងឡើងតាមរូបភាពស្រលាញ់ងប់ក្នុងចំណោមមនុស្សថ្នាក់ខ្ពស់នានា។
  • បន្ទប់គំនូរដែលបង្ហាញនូវការកំប្លែងតាមរយៈសន្ទរកថា ឬ ភាសាឈ្លាសវៃ។

គ. ការកំប្លែងតាមរយៈត្លុកល្ខោន ឬ ហសនាដកម្ម

  • ដំណើររឿងពោរពេញទៅដោយការកើតព្រមគ្នា ការខុសពេលវេលា ការច្រឡំអត្តសញ្ញាណជាដើម។
  • ការបង្ហាញទាំងអស់ គឺតាមរយៈអាយ៉ង រូបតក្កតានៃផលកម្ម (វាសនា ឬ គ្រោះកាច)។
  • ការបាត់បង់នៃអត្តសញ្ញាណពីព្រោះតែគ្រោះកាច ឬគ្រោះថ្នាក់ណាមួយ។

ឃ. ការកំប្លែងថ្នាក់ក្រោម

  • ការដួលអុកគូថ កាយវិកាមិនគប្បីនានា សំណើចកើតចេញពីមុខងារនៃរាងកាយណាមួយរបស់មនុស្ស ភាសា​អាសអាភាស ការខូចទ្រង់ទ្រាយនៃរូបភាព។
  • ភាពទេរ ទ្រេតទ្រោតនៃ (មនុស្ស សត្វ រុក្ខជាតិ) ។

ង. រឿងល្ខោន ដែលបង្ហាញនូវភាពឡឺកឺ (ភ្លីភ្លើ)

  • ការសម្តែងដែល ធ្វើឲ្យយើងមិនមាន ផាសុកភាព មិនងាយស្រួល មិនប្រាកដប្រជាថា តើមានលំដាប់លំដោយ បែបណា មានគោលគំនិតដូចម្តេច ឬ មានន័យយ៉ាងណា នៅក្នុងជីវភាពរស់នៅ ជាក់ស្តែង។
  • មានលក្ខណៈជាសាច់រឿង ជាការប្រឌិត ជាជាងការពិត ជារឿយៗ ​ត្រូវបានគេរៀបចំ​នូវស្ថានភាព ដែល​អាច​ទៅរួចជាក់ស្តែង ជាដើមជាមួយនឹង សាច់រឿងមិនពិត មួយចំនួនទៀត។
  • សភាពខាងក្រៅរមទម្យ តែខាងក្នុងវិញពោរពេញ ទៅដោយការកំប្លែង ជារឿយៗមានការដើរឈប់ៗ តាមពិត គឺជា ការចំអកណោះទៅវិញ។
  • គោលគំនិតរឿងមានដូចជា៖ ភាពឯកោរបស់មនុស្ស ដែលនៅក្នុងពិភពមួយ ដែលគ្មានព្រះ ភាព​ដែល​មិន​អាច​ទាក់ទងគ្នាបាន ភាពមិនមែនជាមនុស្ស (អង្គវិបត្តិ ភាពគ្មានអំណាច ភាពខ្វាក់ខ្វិន អសមត្ថភាពខាងរាងកាយ) ជីវិតឥតន័យ។
Image result for mr bean

តើការកំប្លែង​អាច​ជួយ​ផ្តល់​សារប្រយោជន៍​អ្វី​ខ្លះ​ដល់​លោក​អ្នក? តើ​ការ​កំប្លែង​ស្តែង​ឡើង​តាម​ទម្រង់​ណា​ខ្លះ?

  • សារប្រយោជន៍ការកំប្លែង៖ជាធម្មតាមនុស្សរស់នៅក្នុងសង្គមតែងតែត្រូវការទំនាក់ទំនងគ្នា។ ទំនាក់ទំនងគ្នា​ភាគច្រើន គឺមនុស្សចង់​ទទួលបាន ឬ​ចង់ផ្តល់ឲ្យគ្នាទៅវិញទៅមកនូវ មិត្តភាព និង ភាពសប្បាយរីករាយនានា។ ក៏ព្រោះតែចង់​សប្បាយ​រីករាយបាន​ជាអ្នកខ្លះ ចូលចិត្តការស្តាប់ ឬការទស្សនាការកំប្លែង។ ការកំប្លែងជាទម្រង់​សិល្បៈ​មួយបែប ដែលអាចនាំឲ្យមនុស្ស អាច​ទទួល​បាននូវ ភាពសប្បាយរីករាយបាន និងអាចធ្វើឲ្យមិត្តភាព របស់​មនុស្ស កាន់តែល្អប្រសើរឡើង។ ហើយវាក៏អាចធ្វើឲ្យ អ្នកដែលមាននិស្ស័យ ខាងកំប្លែងអាចចែករំលែក នូវ​ភាពសប្បាយរីករាយដល់ អ្នកដទៃដែលខ្លួនស្រលាញ់ទៀតផង។ឮមានអត្ថបទជាភាសាខ្មែរ ឬជាភាសា​បរទេសជាច្រើនតែងតែបានបញ្ជាក់ថា មនុស្សដែល អាចធ្វើឲ្យខ្លួនឯង​សើច​បាន​ម្តងយ៉ាងតិចក្នុងមួយថ្ងៃ គឺជា​មនុស្ស ដែលប្រកបដោយសេរីភាព និងអាចជួយឲ្យមានសុខភាពល្អ ដល់រាងកាយ​និង​ប្រាជ្ញាស្មារតី។មនុស្ស​ដែលអាចញញឹម ឬ សើចបាន គឺ ជាមនុស្សដែលមានទឹកចិត្តទូលាយ មានប្រជាប្រិយភាព គួរជា​ទី​រាប់អាននៃអ្នកផងទាំងពួង។ ការកំប្លែង គឺពិតជាជួយឲ្យអ្នកជំងឺ ឆាប់ជាសះស្បើយ។ ការកំប្លែងពិតជាជួយឲ្យ មនុស្ស​ប្រកបដោយក្តីសង្ឃឹម និងការជឿជាក់ចំពោះខ្លួនឯងនិងអ្នកដទៃ។ បុគ្គលដែលកំពុងតែសោកសង្រេង​​លើរឿងអ្វីមួយ ពេលបើបានឃើញរឿងអ្វី គួរឲ្យអស់សំណើច ហើយនោះក៏គង់នឹងផ្ទុះសំណើចមិនខាន។ លោកគ្រួពេទ្យឯកទេសនានា តែងណែនាំថា «សំណើចគឺជាសុខភាព»។ក្រៅពីការផ្តល់នូវភាព សប្បាយរីករាយការកំប្លែង ក៏ជួយដល់ការបញ្ជ្រាបនូវ គោលនយោបាយអបរំនានា សម្រាប់អ្នកទស្សនាដូចជា គោលនយោបាយផលិតផល នយោបាយអបរំពីបរិស្ថានមនុស្សធម៌ សង្គមវប្បធម៌ និងបច្ចេកវិជ្ជាជាដើម។ ការកំប្លែងបានក្លាយជាអាជីព មួយដែលអាចរកបានប្រាក់កម្រៃគួរសមមិនចាញ់អាជីព ផ្សេងទៀតប៉ុន្មានដែរ។
  • ការកំប្លែងអាចស្តែងឡើងតាមរបៀប៖
    ១. ពាក្យពេចន៍ ឬសំដីសំដៅទាំងការនិយាយទាំងការសរសេរ
    ២. កាយវិការទឹកមុខ ក្រមិចក្រមើម
    ៣. ការវិការនៃរាងកាយទាំងមូល ឬតាមរយៈដំណើរ
    ៤. រូបភាពដូចជាគំនូរជាដើម
    ៥. សម្លេងត្រាប់ (សត្វ មនុស្ស ធម្មជាតិ តន្ត្រី)
    ៦. ការសរុបផ្នែកទាំងប្រាំខាងលើ

តើធ្វើដូចម្តេចដើម្បីក្លាយជាអ្នកកំប្លែងដ៏ល្អម្នាក់បាន?

  • មានចំណូលចិត្តខាងការកំប្លែង។
  • ជាមនុស្សដែលពូកែខាងការសង្កេត។
  • ស្គាល់ច្បាស់ពីអត្ថន័យ លក្ខណៈភាសានិងវប្បធម៌នៃជាតិសាសន៍នីមួយៗ ដែលខ្លួនចង់សម្តែង។
  • រាល់ការកំប្លែងត្រូវតែរក្សាបាននូវក្រមសីលធម៌ ។
  • រាល់ការកំប្លែងគឺត្រូវតែចាប់ផ្តើមចេញពីបទនិពន្ធន៍ដែលប្រកបដោយវិជ្ជាជីវត្រឹមត្រូវ។
  • ទាំងអ្នកសម្តែង ទាំងអ្នកនិពន្ធត្រូវតែមានភាពស្ទាត់ជំនាញខាងខាងផ្នែកសិល្បៈ ទស្សនៈ អប់រំ និងវប្បធម៌ជ្រាលជ្រៅ។
Image result for នាយកុយ នាយក្រឹម

  • ដោយ ៖ មនោរម្យព័ងអាំងហ្វូ



LEAVE A REPLY

Please enter your comment!
Please enter your name here